top of page

សហព័ន្ធគុនខ្មែរ ប្រកាសមិនស្វាគមន៍ Dave Leduc ឡើងសង្វៀននៅកម្ពុជាឡើយ

លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសមិនស្វាគមន៍កីឡាករ Dave Leduc ឡើងសង្វៀននៅកម្ពុជាឡើយ ហើយក៏គ្មានថ្ងៃធ្វើការជាមួយកីឡាករ Lethwei របស់មីយ៉ាន់ម៉ានេះដែរ ។ លោកបាន​សរសេរប្រកាសក្នុងទំព័រហ្វេសបុករបស់​លោកកាលពីប៉ុន្មាន​ម៉ោង​មុន​នេះ។




បន្ទាប់ពីលោកបានមើលឃើញពីទង្វើមិនគប្បីម្ដងជាពីរដង ស្ទើរតែនាំឲ្យខូច និងប៉ះពាល់ដល់កម្មវិធីគុនខ្មែរថែមទៀត ជាក់ស្ដែងដូចជាការប្រកួតជាមួយ ព្រំ សំណាង កាលពីចុងឆ្នាំ២០២៣ និងកម្មវិធីគុនខ្មែរ ដែលមានវត្តមានស្ដេចប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសកាលពីថ្មីៗជាដើម។


Dave Leduc
Dave Leduc

ប្រធានសហព័ន្ធខាងលើ បានសរសេរថា៖ «ចំពោះខ្ញុំ យើងគាំទ្រដែលមានកីឡាករបរទេសមកជួយផ្សព្វផ្សាយគុនខ្មែរ ប៉ុន្ដែចំពោះបុគ្គល Dave Leduc មួយ អ្វីដែលខ្ញុំបានឃើញសំណេររបស់គាត់ គឺខ្ញុំមិនគាំទ្រទេ ដោយសារគាត់សរសេរ ទី១-គាត់ទាមទារលក្ខខណ្ឌទឹកប្រាក់ ១លានដុល្លារ ។ នេះមិនមែនជាការផ្សព្វផ្សាយគុនខ្មែរទេ គឺជាការទាមទារលក្ខខណ្ឌសម្រាប់ប្រយោជន៍របស់គាត់ ។ ទី២-គាត់និយាយពីបញ្ហាគុនខ្មែរ និង Mauy Thai ខ្ញុំគិតថា ក្នុងនាមសហព័ន្ធ យើងអត់ចង់មានការបែងចែក យើងអត់ចង់មានអុជអាល នាំឲ្យមានការរើសអើងពូជសាសន៍ទេ ព្រោះទង្វើនេះ នាំឲ្យមានការឈ្លោះគ្នា ហើយយើងអត់ត្រូវការទេសង្គ្រាម ក្នុងនាមប្រទេសមួយដែលមានសន្ដិភាព យើងអត់ត្រូវការការឈ្លោះគ្នាឈានទៅរកការស្អប់គ្នា ឬសង្គ្រាមទេ» ។

 

លោក ខូវ ឆាយ សង្កត់ធ្ងន់ថា៖ «ចំពោះបុគ្គល Dave Leduc ខ្ញុំនិយាយឲ្យត្រង់ ដរាបណាខ្ញុំនៅជាប្រធានសហព័ន្ធ ខ្ញុំអត់ស្វាគមន៍គាត់ឡើងសង្វៀននៅកម្ពុជាទេ ដោយសារបុគ្គលនេះ បង្កបញ្ហាម្ដងមកហើយ កាលពីប្រកួតជាមួយ ព្រំ សំណាង ឡើងមុន ។ ខ្ញុំនៅក្នុងទិដ្ឋភាពនោះផ្ទាល់ គឺគាត់ (Dave Leduc) ពេលមកដល់ព្រមព្រៀងគ្នាហើយថា ប្រកួតពាក់ហ្គង់ តែដល់ម៉ោងប្រកួត គាត់ទាមទារប្រកួតអំបោះឆៅវិញ នាំឲ្យពន្យាពេលកម្មវិធីដល់ជាង ១ម៉ោង ។ ពេលហ្នឹង ដោយសារយើងបង្ខំឲ្យ ព្រំ សំណាង ព្រមទទួលយកការប្រកួតហ្នឹង បើមិនអ៊ីចឹងខូចកម្មវិធីទាំងមូល ។ យើងឃើញថា កីឡាករហ្នឹង(Dave Leduc) គាត់មិនច្បាស់លាស់ ក្រឡេចក្រឡុចច្រើន ។ ក្នុងនាមសហព័ន្ធ ខ្ញុំអត់ស្វាគមន៍ ដរាបណាខ្ញុំនៅជាប្រធានសហព័ន្ធ Dave Leduc មិនអាចឡើងសង្វៀននៅកម្ពុជាទេ បើគាត់នៅចង់ឡើងសង្វៀននៅកម្ពុជា ខ្ញុំគិតថា គាត់ចាំរហូតដល់ខ្ញុំចុះចេញសិន» ។


Dave Leduc ឆ្លៀតឱកាសផ្សព្វផ្សាយពីក្បាច់គុន Lethwei
Dave Leduc ឆ្លៀតឱកាសផ្សព្វផ្សាយពីក្បាច់គុន Lethwei

បន្ថែមលើនេះ ប្រធានសហព័ន្ធដដែល បានសម្ដែងការមិនពេញចិត្តជាខ្លាំង កំឡុងកម្មវិធីគុនខ្មែរ ដែលមានវត្តមានស្ដេចប្រដាល់ ម៉ានី ប៉ាគីអាវ ចូលរួមនៅកោះពេជ្រ កាលពីថ្មីៗ បែរជា Dave Leduc ឆ្លៀតឱកាសនោះ ដើម្បីផ្សព្វផ្សាយពីក្បាច់គុន Lethwei ទៅវិញ ។

 

CONTACT

US

Tel. 098 288 862

Email. helpcenter@aa2888.me

 Samrong Commune, Chantrea District, Svay Rieng, Cambodia

Social
media

Check Out Now

  • Telegram
  • Facebook
  • Instagram
  • Twitter
  • YouTube

Copyright 2024 AA2888 Sport News, All rights reserved

bottom of page